ទោះបីជាមមាញឹកនឹងការងារយ៉ាងណា ក៏បងប្អូនមិនគួររំលងអាហារពេលព្រឹកដែរ។ ខាងក្រោមនេះជាអាហារដែលងាយស្រួលរកបំផុតនៅតាមទីផ្សារ ឬហាងអាហារក្នុងស្រុក និងផ្ដល់អត្ថប្រយោជន៍ខ្ពស់៖
១. ស៊ុត (ស្ងោរ ចៀន)
ស៊ុតគឺជាអាហារដែលងាយរកបំផុត និងមានតម្លៃសមរម្យ។ វាសម្បូរទៅដោយប្រូតេអ៊ីន និងសារធាតុ Choline ដែលជួយបង្កើនសមត្ថភាពខួរក្បាល និងការចងចាំបានយ៉ាងល្អសម្រាប់ការងារពេញមួយថ្ងៃ។
២. ផ្លែឈើស្រស់(ផ្លែល្ហុង ផ្លែចេក ផ្លែមៀន)
កម្ពុជាសម្បូរផ្លែឈើណាស់។ ការញ៉ាំផ្លែចេក ឬល្ហុងទុំនៅពេលព្រឹក ជួយដល់ប្រព័ន្ធរំលាយអាហារ កាត់បន្ថយការទល់លាមក និងផ្តល់ជាតិស្ករធម្មជាតិដែលធ្វើឱ្យរាងកាយមានថាមពលភ្លាមៗ។
៣. គ្រាប់ធញ្ញជាតិ (គ្រាប់ស្វាយចន្ទី ឬសណ្ដែកដី)
គ្រាប់ស្វាយចន្ទីគឺជាផលិតផលក្នុងស្រុកដ៏មានគុណភាព។ ការញ៉ាំមួយក្ដាប់តូចនៅពេលព្រឹក ជួយផ្ដល់ខ្លាញ់ល្អដល់បេះដូង និងធ្វើឱ្យអ្នកឆ្អែតបានយូរ មិនងាយឃ្លានអាហារសម្រន់ផ្ដេសផ្ដាស។
៤. យ៉ាអួ (Yogurt)
បច្ចុប្បន្ននៅតាមម៉ាត ឬផ្សារទំនើបក្នុងស្រុក សម្បូរទៅដោយយ៉ាអួ។ វាមានជាតិប្រូបីយ៉ូទិក ជួយឱ្យពោះវៀនមានសុខភាពល្អ និងការពារការហើមពោះក្រោយពេលញ៉ាំអាហាររួច។
៥. តែបៃតង ឬកាហ្វេខ្មៅ
សម្រាប់អ្នកធ្វើការការិយាល័យ ការក្រេបតែបៃតង ឬកាហ្វេខ្មៅ (មិនសូវដាក់ស្ករ) ជួយដាស់ស្មារតីឱ្យស្រស់ថ្លា និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានកាន់តែរហ័ស។
៦. នំបុ័ងស្រូវសាឡី (Whole-Wheat Bread)
បងប្អូនអាចរកទិញនំបុ័ងប្រភេទនេះបាននៅតាមផ្សារទំនើប ឬហាងនំបុ័ងទូទៅ។ វាមានជាតិសរសៃខ្ពស់ជាងនំបុ័ងសធម្មតា ដែលជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថិរភាព។




