ក្រុមហ៊ុន Sony Semiconductor Solutions ទើបតែបានប្រកាសដាក់លក់ជាផ្លូវការនូវសេនស័រកាមេរ៉ាជំនាន់ថ្មី LYTIA L910 សម្រាប់ស្មាតហ្វូនលំដាប់កំពូល (Flagship)។ នេះគឺជាសេនស័រដំបូងបង្អស់របស់ Sony ដែលបានបំពាក់បច្ចេកវិទ្យាដ៏ទំនើប LOFIC ដែលនឹងមកកែប្រែមុខមាត់ថ្មីនៃការថតរូប និងវីដេអូនៅលើទូរស័ព្ទដៃ ជាពិសេសក្នុងស្ថានភាពពន្លឺខ្លាំង ឬការថតរូបបញ្រ្ចាសពន្លឺ។
ចំណុចលេចធ្លោ និងលក្ខណៈសម្បត្តិគន្លឹះ៖
- បច្ចេកវិទ្យា LOFIC ផ្ដល់កម្រិត Dynamic Range ខ្ពស់រហូតដល់ 100dB ក្នុងការថតត្រឹមតែមួយប៉ុស្តិ៍ (Single Exposure) ដោយមិនចាំបាច់ដំណើរការរូបភាពច្រើនសន្លឹក (Multi-frame HDR) ដូចមុនឡើយ។ វាជួយកាត់បន្ថយបញ្ហារូបភាពព្រាលនៅពេលវត្ថុមានចលនា (Motion Artifacts) និងកាត់បន្ថយគ្រាប់អុចៗ (Noise) ក្នុងផ្នែកងងឹតបានដល់ទៅ ៣០%។
- ទំហំសេនស័រធំលំដាប់ Premium គឺ ១/១.២៨ អ៊ីញ ជាមួយកម្រិតភាពច្បាស់ 50 មេហ្គាភិចសែល និងទំហំភិចសែល ១.២២ មីក្រូម៉ែត្រ (µm) ដែលប្រើប្រាស់តម្រងពណ៌ Quad Bayer ជួយឱ្យកាមេរ៉ាចាប់ពន្លឺបានកាន់តែល្អ និងមានកម្រិតលម្អិតខ្ពស់។
- គាំទ្រការថតវីដេអូកម្រិត 4K ក្នុងល្បឿន 60fps ប្រភេទ HDR ពេញលេញ ជាមួយស្ថាបត្យកម្មសៀគ្វីថ្មីដែលជួយសន្សំសំចៃថាមពលថ្មបានយ៉ាងច្រើនពេលថតវីដេអូ។
- កាលបរិច្ឆេទចេញលក់៖ Sony នឹងចាប់ផ្ដើមដឹកជញ្ជូនសេនស័រ LYTIA L910 នេះទៅកាន់ក្រុមហ៊ុនផលិតស្មាតហ្វូននានានៅក្នុងអំឡុងរដូវក្ដៅ ឆ្នាំ ២០២៦ ខាងមុខនេះ។ តាមប្រភពព័ត៌មានលេចធ្លាយ បន្ទះសេនស័រថ្មីនេះរំពឹងថានឹងត្រូវយកមកប្រើប្រាស់នៅលើកំពូលទូរស័ព្ទជំនាន់ថ្មីដូចជា Vivo X500 ស៊េរី និង Oppo Find X10 ស៊េរី។




