ក្រុមហ៊ុន Telegram បានសម្រេចចិត្តបញ្ចេញកម្មវិធីផ្លូវការរបស់ខ្លួនសម្រាប់ប្រព័ន្ធប្រតិបត្តិការ Wear OS សារជាថ្មីឡើងវិញ ដោយបច្ចុប្បន្នត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅក្នុងវគ្គ Beta។ នេះជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកប្រើប្រាស់នាឡិកាឆ្លាតវៃ Android ព្រោះចាប់តាំងពី Telegram បានបញ្ឈប់ការគាំទ្រកម្មវិធីលើនាឡិកាកាលពីឆ្នាំ ២០២១ មក អ្នកប្រើប្រាស់បង្ខំចិត្តពឹងផ្អែកតែលើការលោត Notification ទូទៅ ឬប្រើប្រាស់កម្មវិធីក្រៅផ្លូវការ (Third-party apps) តែប៉ុណ្ណោះ។
ផ្អែកតាមប្រភពព័ត៌មានពី Android Authority និង SammyGuru បានបង្ហាញថា កម្មវិធីជំនាន់សាកល្បងថ្មីនេះមានលក្ខណៈពិសេសកម្រិតខ្ពស់ដូចខាងក្រោម៖
- រក្សាទម្រង់ដើមបានល្អ៖ កម្មវិធីថ្មីនេះរក្សាទម្រង់ និងមុខងារសំខាន់ៗស្ទើរតែទាំងស្រុងពីកំណែទូរសព្ទ រួមទាំងការបង្ហាញរូបភាពផ្ទៃខាងក្រោយ (Chat backgrounds) ផងដែរ។
- ភាពងាយស្រួលក្នុងការប្រើប្រាស់៖ ទោះបីជាប្រអប់សារជាក្រុមមានទំហំធំ (Large group chats) ក៏ដោយ ក៏ការរៀបចំ Layout បែបបង្រួមឆ្លាតវៃ ជួយឱ្យអ្នកប្រើប្រាស់ងាយស្រួលអូសអាន និងស្វែងរកសារ។
- មុខងារ Open on Phone៖ នៅលើរាល់ប្រអប់សារទាំងអស់ សុទ្ធតែមានប៊ូតុងសម្រាប់ចុចបើកបន្តទៅលើទូរសព្ទភ្លាមៗ ដើម្បីបង្កើនភាពងាយស្រួលក្នុងការវាយអក្សរត្រឡប់ទៅវិញ។
បច្ចុប្បន្ន ប្រសិនបើលោកអ្នកបានចុះឈ្មោះក្នុងកម្មវិធី Telegram Beta Program រួចរាល់ លោកអ្នកអាចចូលទៅកាន់ Google Play Store រួចទាញយកកម្មវិធីនេះមកដំឡើងលើនាឡិកាឆ្លាតវៃបានភ្លាមៗ។ សម្រាប់អ្នកមិនទាន់បានចូលរួម អាចអូសទៅផ្នែកខាងក្រោមនៃទំព័រ Telegram ក្នុង Play Store រួចចុចពាក្យថា “Join” នៅក្នុងកាត Beta Program ជាការស្រេច។




