ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Acer បានអង្រួនទីផ្សារម៉ាស៊ីនហ្គេម(Gaming Handheld) សារជាថ្មី ដោយប្រកាសដាក់បង្ហាញជាផ្លូវការនូវឧបករណ៍លេងហ្គេមជំនាន់ថ្មី Predator Atlas 8 នៅក្នុងព្រឹត្តិការណ៍ Computex។ ឧបករណ៍លំដាប់បង្គោលនេះ ត្រូវបានរចនាឡើងដើម្បីប្រជែងដោយផ្ទាល់ជាមួយ Steam Deck និង ROG Ally តាមរយៈការផ្លាស់ប្តូរមកប្រើប្រាស់កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លារបស់ Intel ជំនួសវិញ។
លក្ខណៈសម្បត្តិលេចធ្លោរបស់ Acer Predator Atlas 8៖
- អេក្រង់ និងការបង្ហាញរូបភាព៖ បំពាក់អេក្រង់ទំហំ ៨ អ៊ីញ កម្រិត WUXGA (1,920 x 1,200) កម្រិតល្បឿន 120Hz (គាំទ្រ Variable Refresh Rate) និងមានកម្រិតពន្លឺរហូតដល់ 500 nits។ កញ្ចក់អេក្រង់ត្រូវបានការពារដោយ Corning Gorilla Glass Victus និងបច្ចេកវិទ្យាកាត់បន្ថយចំណាំងផ្លាត Gorilla Glass DXC។
- កម្លាំងម៉ាស៊ីន និងឈីបដំណើរការ៖ វាជាម៉ាស៊ីនដំបូងគេបង្អស់ដែលដំណើរការដោយឈីបជំនាន់ថ្មី Intel Arc G-Series (ជម្រើសចន្លោះពី Arc G3 រហូតដល់ Arc G3 Extreme) អមដោយក្រាហ្វិកកាតផ្ដាច់ស៊េរីថ្មី Intel Arc B390 ដែលផ្ដល់នូវបទពិសោធន៍លេងហ្គេមលំដាប់ AAA បានយ៉ាងរលូន។
- អង្គចងចាំ និងថាមពល៖ គាំទ្ររ៉េម (RAM) ប្រភេទ LPDDR5X ធំរហូតដល់ 24GB និងអង្គផ្ទុកទិន្នន័យទំហំ 1TB PCIe Gen4 SSD។ ចំណែកឯកម្លាំងថ្មវិញ មានជម្រើសធំបំផុតរហូតដល់ 80Wh ដែលធានាដល់ការលេងហ្គេមបានយូរម៉ោង។
- បច្ចេកវិទ្យាបញ្ជា៖ ប៊ូតុងបញ្ជាប្រើប្រាស់បច្ចេកវិទ្យាទំនើប Carbon-film សម្រាប់ Joysticks និង Hall-effect សម្រាប់ប៊ូតុង Triggers (L2/R2) ការពារបញ្ហាគាំង ឬដើរខុសគោលដៅ (Stick Drift) បានយ៉ាងមានប្រសិទ្ធភាព។
- ប្រព័ន្ធតភ្ជាប់ និងមុខងារបន្ថែម៖ គាំទ្ររន្ធ Thunderbolt 4 ចំនួន ២, ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន Intel Killer Wi-Fi 7, និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 11 Home ចេញពីប្រអប់។
ម៉ាស៊ីនហ្គេម Acer Predator Atlas 8 នេះ នឹងត្រូវដាក់លក់ជាផ្លូវការនៅលើទីផ្សារអន្តរជាតិនាខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ខណៈតម្លៃផ្លូវការមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។




