បន្ទាប់ពីការបញ្ចេញព័ត៌មានលេចធ្លាយជាបន្តបន្ទាប់ពីបណ្តាញសារព័ត៌មានបច្ចេកវិទ្យាល្បីៗ ស្មាតហ្វូនលំដាប់កំពូលជំនាន់ថ្មី OnePlus 16 ត្រូវបានទម្លាយព័ត៌មានសំខាន់បន្ថែមទៀតទាក់ទងនឹងប្រព័ន្ធកាមេរ៉ា។ បើតាមគណនីគាស់កកាយព័ត៌មានល្បីឈ្មោះ Yogesh Brar បានឱ្យដឹងថា ខណៈពេលដែលក្រុមហ៊ុនគូប្រជែងធំៗដូចជា OPPO ត្រៀមប្រើប្រាស់សេនស័រទំហំ 200MP លើកាមេរ៉ាគោលនោះ OnePlus 16 បែរជាសម្រេចចិត្តបន្តរក្សាទំហំ 50MP ដដែលសម្រាប់កាមេរ៉ា (Main Camera) របស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ការរក្សាទំហំ 50MP នេះ មិនមែនមានន័យថាជាការដើរថយក្រោយនោះឡើយ។ តាមការវិភាគពីអ្នកជំនាញ បច្ចេកវិទ្យាសេនស័រ 50MP ដែលមានទំហំភីកសែលធំ អាចស្រូបពន្លឺបានល្អជាងមុន និងកាត់បន្ថយគ្រាប់ noise បានយ៉ាងប្រសើរក្នុងការថតរូបទីងងឹត បើធៀបនឹងសេនស័រ 200MP ដែលមានទំហំភីកសែលតូចៗ។ ម្យ៉ាងវិញទៀត OnePlus 16 ក៏ត្រូវបានគេរំពឹងថានឹងមានការកែទម្រង់ធំទៅលើកាមេរ៉ាឡេន Zoom (Periscope Telephoto) ដោយអាចនឹងឡើងដល់ទំហំ 200MP ឯណោះ ដើម្បីពង្រឹងសមត្ថភាពហ្ស៊ូមឱ្យកាន់តែច្បាស់។ បន្ថែមពីលើកាមេរ៉ា ស្មាតហ្វូននេះត្រូវបានគេដឹងថា នឹងបំពាក់បន្ទះឈីបលំដាប់កំពូល Snapdragon 8 Elite Gen 6 Pro អេក្រង់ល្បឿនលឿនកម្រិត 240Hz និងកម្លាំងថ្មធំមហិមារហូតដល់ 9,000mAh ថែមទៀតផង។




