ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ត្រូវបានរាយការណ៍ថាកំពុងសម្ងំអភិវឌ្ឍឧបករណ៍បច្ចេកវិទ្យាជំនាន់ថ្មីមួយទៀត គឺថេប្លេតដែលអាចបត់បាន (Foldable Tablet) បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងលើការដាក់លក់ស្មាតហ្វូនបត់បីតួ Mate XT Ultimate Design កាលពីពេលកន្លងទៅ។
ផ្អែកតាមប្រភពធ្លាយព័ត៌មានពីខ្សែសង្វាក់ផ្គត់ផ្គង់នៅតៃវ៉ាន់ បានឱ្យដឹងថា គម្រោងថេប្លេតបត់បាននេះអាចនឹងត្រូវប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៧ ខាងមុខ។ ការពន្យារពេលរហូតដល់ឆ្នាំ ២០២៧ នេះ ត្រូវបានគេជឿជាក់ថា ដោយសារតែ Huawei ចង់ចំណាយពេលផ្ដោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ឱ្យបានហ្មត់ចត់បំផុត ដើម្បីធានាថាឧបករណ៍នេះមានភាពល្អឥតខ្ចោះ ទាំងផ្នែករឹង (Hardware) ភាពធន់នៃអេក្រង់ និងប្រព័ន្ធប្រតិបត្តិការ។
ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីទំហំអេក្រង់ រូបរាង ឬលក្ខណៈសម្បត្តិបច្ចេកទេសផ្លូវការផ្សេងៗនៅមិនទាន់ត្រូវបានទម្លាយចេញនៅឡើយទេ។ អ្នកវិភាគបានកត់សម្គាល់ថា ប្រសិនបើព័ត៌មាននេះជាការបិត មែននោះ វានឹងក្លាយជាការបើកទំព័រប្រកួតប្រជែងថ្មីមួយក្នុងទីផ្សារថេប្លេត ខណៈដែលគូប្រជែងធំៗដូចជា Apple ក៏ត្រូវបានគេដឹងថា កំពុងស្រាវជ្រាវលើគម្រោង iPad បត់បានផងដែរ។




