នៅក្នុងព្រឹត្តិការណ៍ Google I/O ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសដាក់ឱ្យដំណើរការសាកល្បងនូវមុខងារថ្មីសន្លាងមួយមានឈ្មោះថា “Continue On” នៅលើប្រព័ន្ធប្រតិបត្តិការ Android 17 (QPR1 Beta 3) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ជូន និងបន្តរាល់សកម្មភាព ឬការងារដែលកំពុងធ្វើពីឧបករណ៍មួយទៅឧបករណ៍មួយទៀតបានយ៉ាងរលូន ដោយមិនមានការរអាក់រអួល។
ចំណុចគន្លឹះសំខាន់ៗនៃមុខងារ ‘Continue On’៖
- ការបន្តកិច្ចការឆ្លងឧបករណ៍៖ លោកអ្នកអាចចាប់ផ្តើមសរសេរឯកសារលើ Google Docs ឬបើកមើលគេហទំព័រលើ Google Chrome តាមរយៈទូរសព្ទដៃ ហើយនៅពេលដើរទៅជិត ឬបើកប្រើប្រាស់ Tablet វានឹងបង្ហាញផ្ទាំងផ្តល់អនុសាសន៍ (Handoff Suggestion) នៅលើរបារ Taskbar ភ្លាមៗ ដើម្បីចុចបន្តការងារពីចំណុចចុងក្រោយ។
- ដំណើរការទ្វិទិស (Bidirectional)៖ មុខងារនេះត្រូវបានរចនាឡើងសម្រាប់បញ្ជូនទិន្នន័យទៅមក រវាងឧបករណ៍ប្រព័ន្ធ Android ដូចគ្នា។ ប្រសិនបើឧបករណ៍ទទួលមិនមានដំឡើងកម្មវិធី (App) ដូចគ្នានោះទេ ប្រព័ន្ធនឹងបើកដំណើរការកិច្ចការនោះនៅលើ Web Browser ជំនួសវិញ។
- ការកម្រិតនៅដំណាក់កាលដំបូង៖ សម្រាប់ការដាក់ឱ្យប្រើប្រាស់ដំបូងជាមួយ Android 17 រលកដំបូងនេះ មុខងារ Continue On នឹងគាំទ្រជាចម្បងតែរវាង ទូរសព្ទដៃ ទៅកាន់ Tablet តែប៉ុណ្ណោះ មុននឹងពង្រីកវិសាលភាពទៅកាន់ឧបករណ៍ដទៃទៀត។
ការវិវឌ្ឍថ្មីនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់ Google ក្នុងការបង្កើនប្រព័ន្ធអេកូឡូស៊ី (Ecosystem) របស់ខ្លួនឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ជាមួយមុខងារ Handoff របស់ប្រព័ន្ធកូដបិទ iOS របស់ Apple ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០១៤ មកម៉្លេះ។




