ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតកាមេរ៉ាសកម្មភាព (Action Camera) ល្បីឈ្មោះ GoPro បានប្រកាសជាផ្លូវការក្នុងការបើកផ្លូវពិនិត្យលើជម្រើសយុទ្ធសាស្ត្រថ្មីៗ រួមទាំងការលក់ក្រុមហ៊ុនទាំងមូល ឬការច្របាច់បញ្ចូលគ្នា (Merger) ជាមួយក្រុមហ៊ុនដទៃ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីទទួលបានសំណើទិញយកដោយគ្មានការព្រៀងទុកពីសំណាក់វិនិយោគិនជាច្រើន ស្របពេលដែលស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនកំពុងធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។
ផ្អែកតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ចំណូលរបស់ GoPro បានធ្លាក់ចុះរហូតដល់ ២៦% (សល់ត្រឹមប្រមាណ ៩៩ លានដុល្លារ) ខណៈទំហំខាតបង់បានកើនឡើងដល់ ៨០,៨ លានដុល្លារ ពោលគឺកើនឡើងជាង ៧៣% ធៀបនឹងឆ្នាំមុន។ វិបត្តិនេះបានបង្ខំឱ្យក្រុមហ៊ុនត្រូវកាត់បន្ថយបុគ្គលិកសកលរហូតដល់ ២៣% ដើម្បីរក្សានិរន្តរភាពសាច់ប្រាក់។ ទោះបីជា GoPro ទើបតែប្រកាសចេញលក់កំពូលកាមេរ៉ាជំនាន់ថ្មី GoPro Mission 1 ស៊េរី ដែលបំពាក់បន្ទះឈីប AI GP3 ថ្មីក៏ដោយ ក៏ការប្រកួតប្រជែងយ៉ាងចាស់ដៃពីគូប្រជែងធំៗដូចជា DJI និង Insta360 បានធ្វើឱ្យចំណែកទីផ្សាររបស់ GoPro រួញតូចមកសល់ត្រឹមប្រហែល ១៨% ប៉ុណ្ណោះ។ បច្ចុប្បន្ន GoPro បានជួលធនាគារវិនិយោគលំដាប់អន្តរជាតិ Houlihan Lokey ដើម្បីធ្វើជាទីប្រឹក្សាហិរញ្ញវត្ថុក្នុងការចរចាស្វែងរកម្ចាស់ថ្មី ដែលអាចជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ឬក្រុមហ៊ុនក្នុងវិស័យការពារជាតិ និងអាកាសចរណ៍ ដែលត្រូវការបច្ចេកវិទ្យាផ្តិតរូបភាពកម្រិតខ្ពស់របស់ខ្លួន។
ក្រុមហ៊ុនបច្ចេកវិទ្យាប្រើប្រាស់ខ្នាតយក្ស (Consumer Electronics)៖ ក្រុមហ៊ុនចិន Xiaomi ដែលធ្លាប់មានពាក្យចចាមអារ៉ាមចង់ទិញយកតាំងពីឆ្នាំ២០១៨ អាចនឹងលេចមុខសារជាថ្មី ក្រៅពីនោះក៏អាចមានក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗផ្សេងទៀតដែលចង់ពង្រីកប្រព័ន្ធអេកូឡូស៊ីឧបករណ៍ឆ្លាតវៃរបស់ខ្លួន។




