Homeបច្ចេកវិទ្យាលេចធ្លាយ : Samsung អាចសម្រេចរក្សាប៊ិច S Pen លើ Galaxy S27 Ultra ដដែល ខណៈម៉ូឌែល...

លេចធ្លាយ : Samsung អាចសម្រេចរក្សាប៊ិច S Pen លើ Galaxy S27 Ultra ដដែល ខណៈម៉ូឌែល S27 Pro ថ្មីនឹងបង្ហាញខ្លួនដោយគ្មានប៊ិច

ក្នុងពេលដែលពិភពបច្ចេកវិទ្យាកំពុងរង់ចាំមើលការវិវឌ្ឍនៃស្មាតហ្វូនជំនាន់ក្រោយ របាយការណ៍ចុងក្រោយពីប្រទេសកូរ៉េខាងត្បូងបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Samsung បានសម្រេចចិត្តរក្សានូវអត្តសញ្ញាណដ៏សំខាន់បំផុតរបស់ខ្លួន គឺប៊ិច S Pen នៅលើកំពូលស្មាតហ្វូន Galaxy S27 Ultra សម្រាប់ឆ្នាំ២០២៧ ខាងមុខ បើទោះបីជាធ្លាប់មានការសាកល្បងផ្លាស់ប្តូរបច្ចេកវិទ្យានេះក៏ដោយ។

​យោងតាមប្រភពព័ត៌មានពី ETNews បានឱ្យដឹងថា កន្លងមក Samsung បានសាកល្បងដកស្រទាប់ Digitizer ចេញពីអេក្រង់ ដើម្បីធ្វើឱ្យទូរស័ព្ទកាន់តែស្តើងជាងមុន ដោយប្តូរទៅប្រើបច្ចេកវិទ្យាប៊ិចបែប Hybrid (រួមបញ្ចូល EMR និង AES)។ យ៉ាងណាមិញ ដោយសារបញ្ហាស្ថេរភាព និងការចង់រក្សានូវបទពិសោធសរសេរដ៏រលូនដោយមិនចាំបាច់ប្រើថ្មនៅក្នុងប៊ិច ក្រុមហ៊ុនបានសម្រេចចិត្តប្រើប្រាស់បច្ចេកវិទ្យា EMR ដដែលនៅលើ Galaxy S27 Ultra។ ការរក្សានូវបច្ចេកវិទ្យានេះ បញ្ជាក់ថា S Pen នឹងនៅតែមានរន្ធដោតជាប់ក្នុងតួម៉ាស៊ីន និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់អាជីពដដែល។

​ដោយឡែក ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ការផ្លាស់ប្តូរក្នុងឆ្នាំ២០២៧ គឺការលេចរូបរាងនៃម៉ូឌែលទីបួន “Galaxy S27 Pro”។ ម៉ូឌែល Pro នេះត្រូវបានគេរំពឹងថានឹងមានសមត្ថភាពខ្លាំងក្លាស្ទើរតែស្មើនឹងម៉ូឌែល Ultra រួមទាំងការប្រើប្រាស់អេក្រង់ការពារឯកជនភាព (Privacy Display) និងកាមេរ៉ា ២០០ មេហ្គាភិចសែល សេនស័រ ISOCELL HP6 ជំនាន់ថ្មី ប៉ុន្តែវានឹង មិនមានប៊ិច S Pen ឡើយ។ យុទ្ធសាស្ត្រនេះ ហាក់បង្ហាញថា Samsung ចង់ដើរតាមគន្លងរបស់ Apple ដោយផ្តល់ជម្រើសស្មាតហ្វូនអេក្រង់ធំ សមត្ថភាពខ្ពស់ ប៉ុន្តែគ្មានប៊ិចសម្រាប់អ្នកប្រើប្រាស់ទូទៅ។

ជារួម Galaxy S27 Series នឹងក្លាយជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ធំ ដោយម៉ូឌែល Ultra នៅតែរក្សាភាពជា “ស្តេចស្មាតហ្វូនដែលមានប៊ិច” ដដែល ចំណែកម៉ូឌែល Pro នឹងក្លាយជាជម្រើសថ្មីសម្រាប់អ្នកដែលចង់បានកាមេរ៉ា និងអេក្រង់លំដាប់កំពូល ប៉ុន្តែមិនចង់ចំណាយលើមុខងារប៊ិចដែលពួកគេមិនសូវប្រើប្រាស់។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments