ក្រុមហ៊ុន Samsung កំពុងធ្វើឱ្យពិភពបច្ចេកវិទ្យាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការត្រៀមបញ្ចេញកំណែអាប់ដេតថ្មី One UI 8.5 Beta 9 សម្រាប់ស្មាតហ្វូនត្រកូល Galaxy S25។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងកំណែសាកល្បងនេះ គឺការបញ្ចូលគ្នារវាងមុខងារ Quick Share របស់ Samsung និង AirDrop របស់ Apple ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើឯកសារឆ្លងប្រព័ន្ធ (Android និង iOS) បានយ៉ាងរហ័ស និងងាយស្រួលបំផុត។
យោងតាមប្រភពព័ត៌មានបច្ចេកវិទ្យាអន្តរជាតិបានឱ្យដឹងថា មុខងារថ្មីនេះត្រូវបានគេរកឃើញដំបូងនៅលើស្មាតហ្វូនជំនាន់ក្រោយបង្អស់ Galaxy S26 ដែលបានបង្ហាញខ្លួនកាលពីខែមីនាកន្លងទៅ។ ប៉ុន្តែនៅពេលនេះ Samsung បានសម្រេចចិត្តពង្រីកសមត្ថភាពនេះមកកាន់ត្រកូល S25 វិញម្តង។ តាមរយៈមុខងារ “Share with Apple devices” នៅក្នុងការកំណត់របស់ Quick Share អ្នកប្រើប្រាស់នឹងមិនចាំបាច់ប្រើកម្មវិធីជំនួយខាងក្រៅ ឬផ្ញើតាមរយៈ Telegram/Cloud ទៀតនោះទេ គឺអាចបាញ់រូបភាព ឬវីដេអូទៅកាន់ iPhone ឬ iPad បានផ្ទាល់តែម្តង។
ទោះជាយ៉ាងណាក៏ដោយ មុខងារនេះបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង (Beta) នៅឡើយ ដែលមានន័យថាវាអាចនឹងមានបញ្ហារអាក់រអួលខ្លះៗ។ សម្រាប់កំណែអាប់ដេតផ្លូវការ (Stable Version) នៃ One UI 8.5 សម្រាប់ Galaxy S25 ត្រូវបានគេរំពឹងថានឹងបញ្ចេញឱ្យប្រើប្រាស់ទូទៅនៅចុងខែមេសា ឬដើមខែឧសភា ឆ្នាំ ២០២៦ ខាងមុខនេះ។
នេះគឺជាបោះជំហានដ៏ធំមួយក្នុងការលុបបំបាត់របាំងរវាងប្រព័ន្ធប្រតិបត្តិការទាំងពីរ ដែលធ្វើឱ្យការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាកាន់តែមានភាពស៊ីសង្វាក់គ្នា និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ជុំវិញពិភពលោក។




