[រដ្ឋបាលជាតិអាកាសចរណ៍ និងអវកាស (NASA)] —
ក្នុងបោះជំហានដ៏សំខាន់មួយនៃបច្ចេកវិទ្យាប្រើប្រាស់ទូទៅ ទីភ្នាក់ងារអវកាស NASA បានសម្រេចអនុម័តឱ្យប្រើប្រាស់កំពូលទូរស័ព្ទឆ្លាតវៃ iPhone 17 Pro Max របស់ក្រុមហ៊ុន Apple នៅក្នុងបេសកកម្ម Artemis II ដែលជាបេសកកម្មនាំមនុស្សទៅក្បែរគន្លងព្រះច័ន្ទជាលើកដំបូងក្នុងរយៈពេលជាង ៥ ទសវត្សរ៍។
ការអនុម័តនេះមិនមែនជារឿងសាមញ្ញឡើយ ដោយសារ NASA មានបទដ្ឋានត្រួតពិនិត្យសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុត។ iPhone 17 Pro Max ត្រូវឆ្លងកាត់ការសាកល្បងចំនួន ៤ ដំណាក់កាល រួមមានការត្រួតពិនិត្យរចនាសម្ព័ន្ធ hardware កម្រិតគ្រោះថ្នាក់នៃសម្ភារៈបង្ក (ដូចជាកញ្ចក់ដែលបែកក្នុងបរិយាកាសគ្មានទំនាញ) និងការធ្វើតេស្តភាពធន់នឹងវិទ្យុសកម្មក្នុងលំហអាកាស។
ទោះជាយ៉ាងណា iPhone ទាំងនេះនឹងមិនត្រូវបានប្រើសម្រាប់បញ្ជាប្រព័ន្ធយានអវកាសឡើយ។ ក្រុមអវកាសយានិកនឹងប្រើប្រាស់វាសម្រាប់តែការថតរូបភាព កត់ត្រាវីដេអូឯកសារ និងបទពិសោធន៍ផ្ទាល់ខ្លួនក្នុងអំឡុងពេលហោះហើរតែប៉ុណ្ណោះ។ លើសពីនេះ ឧបករណ៍នេះនឹងត្រូវបិទប្រព័ន្ធអ៊ីនធឺណិត និង Bluetooth ជាដាច់ខាត ដើម្បីការពារការរំខានដល់រលកសញ្ញានៃប្រព័ន្ធគ្រប់គ្រងយាន។
ជោគជ័យនេះបានបង្ហាញពីកម្រិតគុណភាព និងភាពធន់នៃផលិតផល Apple ដែលអាចបំពេញតាមតម្រូវការបច្ចេកទេសកម្រិតខ្ពស់សម្រាប់ប្រតិបត្តិការក្នុងលំហអាកាសបានយ៉ាងប្រសើរ។




