តាមរយៈរបាយការណ៍ចុងក្រោយពីភ្នាក់ងារសារព័ត៌មានបច្ចេកវិទ្យាល្បីៗ រួមមាន Bloomberg និង MacRumors បានបង្ហើបថា Apple កំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តចុងក្រោយលើពណ៌ថ្មីសម្រាប់ iPhone 18 Pro នោះគឺពណ៌ “ក្រហមក្រមៅ” ឬ Deep Red (ស្រដៀងនឹងពណ៌ស្រាក្រហម Burgundy)។ ពណ៌ថ្មីនេះ ត្រូវបានរំពឹងថានឹងមកជំនួសតំណែងពណ៌ទឹកក្រូច (Cosmic Orange) របស់ iPhone 17 Pro ដើម្បីក្លាយជាពណ៌តំណាង (Hero Color) សម្រាប់ឆ្នាំ ២០២៦។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ប្រភពពីបណ្តាញសង្គម Weibo បានឱ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទ Android ធំៗក៏កំពុងត្រៀមចេញពណ៌ស្រដៀងគ្នានេះលើផលិតផលកំពូលរបស់ពួកគេផងដែរ ដែលនេះបង្ហាញពីឥទ្ធិពលរបស់ Apple ក្នុងការកំណត់និន្នាការពណ៌លើទីផ្សារសកល។ ក្រៅពីការផ្លាស់ប្តូរពណ៌ iPhone 18 Pro ក៏ត្រូវបានគេដឹងថានឹងបំពាក់នូវបន្ទះឈីប A20 Pro កម្រិត ២ ណានូម៉ែត្រ (2nm) ដំបូងគេ បច្ចេកវិទ្យាកាមេរ៉ាដែលអាចផ្លាស់ប្តូរ Aperture បាន និងការរចនា Dynamic Island ឱ្យកាន់តែតូចជាងមុនរហូតដល់ ៣៥%។
ជាការកត់សម្គាល់ ពណ៌ខ្មៅដែលជាពណ៌មូលដ្ឋាន ត្រូវបានគេរាយការណ៍ថានឹងបន្តអវត្តមានជាឆ្នាំទី២ សម្រាប់ម៉ូដែល Pro ដែលនេះអាចជាការខកចិត្តបន្តិចសម្រាប់អ្នកនិយមពណ៌បែបបុរាណ ប៉ុន្តែពណ៌ Deep Red ថ្មីនេះនឹងផ្តល់នូវអារម្មណ៍ប្រណីត និងភាពទាក់ទាញខ្លាំងជាងមុន។




