យោងតាមប្រភពព័ត៌មានចុងក្រោយពីកំពូលអ្នកចែកចាយព័ត៌មានសម្ងាត់ Digital Chat Station និង 9to5Mac បានបង្ហាញឱ្យឃើញថា iPhone 18 Pro នឹងមានការផ្លាស់ប្តូររូបរាងសំខាន់ៗចំនួន ២ ចំណុច ដែលនឹងធ្វើឱ្យបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរជាងមុន។
១. Dynamic Island តូចជាងមុន ៣៥%៖
Apple ត្រូវបានគេរាយការណ៍ថា កំពុងសម្រេចផែនការប្តូរទីតាំងគ្រឿងបង្គុំ Face ID មួយចំនួនទៅដាក់ក្រោមអេក្រង់វិញ។ ការផ្លាស់ប្តូរនេះ នឹងជួយឱ្យទំហំ “កោះស្វាហាប់” (Dynamic Island) រួញតូចជាងមុនរហូតដល់ ៣៥% បើធៀបនឹង iPhone 17 Pro។ នេះគឺជាជំហានថ្មីមួយរបស់ Apple ក្នុងការឆ្ពោះទៅរកការផលិតទូរស័ព្ទដែលមានអេក្រង់លាតពេញដោយគ្មានចន្លោះប្រហោង។
២. ការកែសម្រួលតួខ្លួន និងពណ៌ថ្មី៖
ទោះបីជាទម្រង់កាមេរ៉ាក្រោយនៅរក្សារាងជា “ខ្ពង់រាប” ដដែល ប៉ុន្តែ Apple នឹងធ្វើការកែសម្រួលលើសម្ភារៈតួខ្លួន ដើម្បីឱ្យផ្នែកអាលុយមីញ៉ូម និងកញ្ចក់ស៊ីគ្នាបានកាន់តែល្អ (Seamless Design) បំបាត់ភាពដាច់ដោយឡែករវាងផ្នែកទាំងពីរដែលធ្លាប់មានលើស៊េរីមុន។ បន្ថែមពីនេះ ពណ៌ “Deep Red” (ក្រហមចាស់) ត្រូវបានគេរំពឹងថានឹងក្លាយជាពណ៌ឆ្នើម (Signature Color) សម្រាប់ឆ្នាំ ២០២៦ នេះ ជំនួសឱ្យពណ៌ខ្មៅដែលធ្លាប់មាន។
ជាមួយគ្នានេះ iPhone 18 Pro ក៏ត្រូវបានគេរំពឹងថានឹងបំពាក់ឈីប A20 Pro កម្រិត ២ ណាណូម៉ែត្រ និងបច្ចេកវិទ្យាកាមេរ៉ា Variable Aperture (រន្ធពន្លឺអាចសារ៉េបាន) ដែលនឹងធ្វើឱ្យការថតរូបកាន់តែមានលក្ខណៈអាជីព។




