Homeបច្ចេកវិទ្យាតើ Google ត្រូវកែប្រែអ្វីខ្លះលើ Pixel 11 ដើម្បីក្លាយជាស្ដេចស្មាតហ្វូន Android ពិតប្រាកដ?

តើ Google ត្រូវកែប្រែអ្វីខ្លះលើ Pixel 11 ដើម្បីក្លាយជាស្ដេចស្មាតហ្វូន Android ពិតប្រាកដ?

បន្ទាប់ពីការលេចធ្លាយរូបរាង CAD នៃត្រកូល Pixel 11, Pixel 11 Pro និង Pixel 11 Pro XL កាលពីពេលថ្មីៗនេះ ពិភពបច្ចេកវិទ្យាកំពុងផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសមត្ថភាពខាងក្នុងជាជាងរូបរាងខាងក្រៅ។ ទោះបីជា Pixel 10 ទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាកម្ដៅជាមួយបន្ទះឈីប Tensor G5 ក៏ដោយ ប៉ុន្តែ Google នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីប្រកួតប្រជែងជាមួយគូសត្រូវរុករានដូចជា Apple និង Samsung។

​ខាងក្រោមនេះគឺជាចំណុចគន្លឹះចំនួន ៥ ដែល Google ចាំបាច់ត្រូវដោះស្រាយក្នុងឆ្នាំ ២០២៦៖

១. កម្លាំងម៉ាស៊ីន (True Performance):

ទោះបីជាបន្ទះឈីប Tensor G5 ដើរត្រជាក់ជាងមុន ប៉ុន្តែកម្លាំងរបស់វានៅតែមានគម្លាតឆ្ងាយពី Snapdragon 8 Elite របស់ Qualcomm។ សម្រាប់ Pixel 11 ដែលរំពឹងថានឹងប្រើ Tensor G6 (បច្ចេកវិទ្យា ២ ណាណូម៉ែត្រពី TSMC) អ្នកប្រើប្រាស់ចង់ឃើញកម្លាំងម៉ាស៊ីនដែលខ្លាំង និងអាចលេងហ្គេមកម្រិតធ្ងន់បានដោយរលូន មិនមែនត្រឹមតែខ្លាំងខាងផ្នែកបញ្ញាសិប្បនិម្មិត (AI) នោះទេ។

២. ថាមពលថ្មដែលកាន់បានច្រើនថ្ងៃ:

ខណៈដែលបច្ចេកវិទ្យាថ្ម Silicon-Carbon កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ដោយក្រុមហ៊ុនចិនជាច្រើន ដូចជា OnePlus និង Honor ដែលអាចផ្ទុកថាមពលបានដល់ទៅជាង 6000mAh ឬ 7000mAh នោះ Google នៅតែប្រើប្រាស់ថ្មកម្រិតមធ្យមនៅឡើយ។ Pixel 11 គួរតែឈានជើងចូលក្នុងយុគសម័យថ្មយក្ស ដើម្បីធានាការប្រើប្រាស់បាន ២ ទៅ ៣ ថ្ងៃដោយមិនបារម្ភ។

៣. ល្បឿនសាកថ្មដែលលឿន និងមានស្ថិរភាព:

នេះជាចំណុចខ្សោយរ៉ាំរ៉ៃរបស់ Pixel។ ការសាកថ្មត្រឹម ៣០ វ៉ាត់ ឬ ៤៥ វ៉ាត់ គឺយឺតខ្លាំងណាស់បើធៀបនឹងគូប្រជែង។ Google ចាំបាច់ត្រូវបង្កើនល្បឿនសាកថ្មឲ្យបានដល់កម្រិត ៦៥ វ៉ាត់ ឬ ៨០ វ៉ាត់ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សម័យថ្មី។

៤. មុខងារ Software ដែលមានប្រយោជន៍ពិតប្រាកដ:

កន្លងមក មុខងារមួយចំនួនដូចជា Magic Cue ឬ Daily Hub ហាក់មិនទាន់ផ្ដល់អត្ថប្រយោជន៍ពេញលេញដល់អ្នកប្រើប្រាស់នៅឡើយ។ សម្រាប់ Pixel 11 អ្នកគាំទ្រចង់ឃើញមុខងារ AI ដែលឆ្លាតវៃ និងអាចយកមកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានជាក់ស្ដែង និងមានស្ថិរភាពខ្ពស់។

៥. ការដំឡើងទំហំផ្ទុកទិន្នន័យ (Base Storage):

ក្នុងឆ្នាំ ២០២៦ ការផ្ដល់ទំហំត្រឹម 128GB គឺមិនគ្រប់គ្រាន់ទៀតទេ។ Google គួរតែដើរតាមគន្លងរបស់ Apple ក្នុងការដាក់ទំហំ 256GB ជាកម្រិតស្ដង់ដារចាប់ផ្ដើមសម្រាប់គ្រប់ម៉ូឌែលទាំងអស់ ដើម្បីឆ្លើយតបទៅនឹងតម្លៃលំដាប់ Flagship របស់ខ្លួន។

RELATED ARTICLES
- Advertisment -
Google search engine

Most Popular

Recent Comments